ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុន​លាង និង​លោកជំទាវ ហ៊ុន ប៊ុនធឿន​ នាំយកអំណោយ ជួយពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង

(បន្ទាយមានជ័យ) ៖ ​ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សា​ផ្ទាល់​ស​ម្តេ​ចតេជោ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ព្រមទាំងលោកជំទាវ ហ៊ុន ប៊ុនធឿន​ ​ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាននាំយកអំណោយមកជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងដែលបាននិងកំពុងធ្វើឲ្យមានការផលប៉ះពាល់ដល់ពលរដ្ឋរស់នៅស្រុកមង្គលបុរីជាង៣០០គ្រួសារ។
សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅថ្ងៃ១៨ ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីក្រុមមន្ត្រីនៃលេខាធិការដ្ឋានគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីហែរហមជាច្រើននាក់ផ្សេងទៀតផងដែរ។
នៅក្នុងពិធីប្រគល់អំណោយមនុស្សធម៌នេះឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋពីតម្លៃនៃសន្តិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា តស៊ូប្រឹងប្រែងយកជីវិតទៅប្ដូរដើម្បីសុខសន្តិភាព មានការអភិវឌ្ឍន៍ ការរីកចំរើន តាំងពីបាតដៃទទេរហូតដល់មានបានដូចសព្វថ្ងៃនេះ។បានរំដោះប្រជាជនពីរបបអាវខ្មៅ ដែលបានធ្វើបាបប្រជាពលរដ្ឋ ប៉ុន្តែចាប់តាំងពីការដឹកនាំរបស់គណបក្សប្រជាជនមក កម្ពុជាយើងឃើញមានការផ្លាស់ប្ដូរមុខមាត់យ៉ាងធំធេង ពីប្រទេសក្រីក្រ ឥលូវប្រែក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ ប្រជាជនមានជីវភាពធូរធារកាន់តែច្រើនឡើងៗ ។
ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ផងដែរថា”ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា”ដែលតែងតែគិតគូរយកចិត្តទុកដាក់ជួយសង្រ្គោះប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍និន្នាការនយោបាយ ឬកាន់សាសនាអ្វីឡើយ ពោលគឺជួយគ្រប់ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះទោះនៅទីណាក៌ដោយ។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក្រសួងមហាផ្ទៃក៌បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំចាញ់បោកកលល្បិចរបស់ក្រុមមនុសបក្សប្រឆាំង ហើយសូមកុំចាញ់បោកគេដែលគេតែងតែបង្កការញុះញង់ក្នុងទិសដៅបង្កអសន្តិសុខ និងនាំទៅរកការវិនាសអន្តរាយ ខណៈដែលមានតែគណបក្សប្រជាជនកម្ពុជា ដែលយល់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងតែងតែជួយដល់ពលរដ្ឋជានិច្ចមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋដែលកំពុងរងគ្រោះសូមរក្សាអនាម័យឲ្យបានល្អដោយត្រូវអនុវត្តន៍តាមវិធានការកូវីដ-១៩របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដ្បិតរាជរដ្ឋាបាលកម្ពុជា បានមានសមត្ថភាពគ្រប់ក្នុងការទប់ស្កាត់មែនពិត ប៉ុន្តែសូមពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។ សូមចៀសវាងការប្រើប្រាស់សារធាតុញៀនផ្សេងៗ និងសូមចួលរួមគោរពច្បាប់ចរាចរឲ្យបានខ្ចាប់ខ្ចួន។
សកម្មភាពមនុស្សធម៌នេះទទួលបានការអបអរសាទរយ៉ាងពន់ពេកពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនឹងជំនន់ទឹកភ្លៀងនេះ ហើយក៍បានលើកម្រាមដៃ១០ប្រណមអរគុណដល់សម្ដេចតេជោហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាជនគ្រប់ៗគ្នាដោយមិនរើសអើងឡើយ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងឆ្នាំនេះ បានវាយលុកខេត្តបន្ទាយមានជ័យដែលបណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជា ១៥០០០គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងប៉ះពាល់កសិផលជាច្រើនផ្សេងទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *