ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន០៦វត្ត

(ខេត្តស្វាយរៀង)៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងមានការចូលរួមពីសំណាក់ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង និងលោកជំទាវ រួមជាមួយប្រតិភូអមដំណើរបាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ០៦វត្ត រួមមាន ៖ វត្តជធាច វត្តត្រពាំងស្លា វត្តដូង វត្តអង្គញ់ វត្តឈើទាល វត្តពោធិ៍សិរី (ហៅព្រៃកំភេន) ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលពិធីត្រូវបានរៀបចំឡើងនៅវត្តជធាច នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ។
លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីនោះដែរ លោកជំទាវក៏បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។
លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ លោកជំទាវបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ទៀនព្រះវស្សា ទេយ្យវត្ថុ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ហុង វិណុល និងលោកជំទាវ ព្រមទាំងក្រុមការងារ បានប្រគេន ៦វត្ត រួមមាន ៖ ទៀនព្រះវស្សា ១គូរ ប្រេង ៣០លីត្រ អង្ករ ៥០គីឡូក្រាម មី ៣កេស ទឹកក្រូច ៤កេស ទឹកសុទ្ធ ៤កេស ទឹកដោះគោ ១កេស ស្ករ ស ១០គីឡូក្រាម តែ ៦កញ្ចប់ ធូប ១ដុំ ទៀនតូច ១គីឡូក្រាម មីសួរ ១គីឡូក្រាម ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប អំបិល ១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ត្រីខ ៥០កំប៉ុង ខ្ទឹមស ២គីឡូក្រាម ថវិកាមួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *